ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) អំឡុងពេលនោះ ពួកគេបានពិភាក្សាអំពីការគាំទ្រដល់សេដ្ឋកិច្ចស៊ីរី និងការវិវត្តថ្មីៗក្នុងតំបន់។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីស៊ីរីកាលពីថ្ងៃអាទិត្យ។

ក្នុងអំឡុងពេលនៃការសន្ទនានោះ លោក Sharaa បាននិយាយថា ការលើកទណ្ឌកម្មដែលនៅសេសសល់របស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី គឺមានសារៈសំខាន់ណាស់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងទាក់ទាញការវិនិយោគ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សហរដ្ឋអាមេរិកនិយាយថា ទណ្ឌកម្មមួយចំនួននៅតែមានសុពលភាព ទោះបីជាបានរុះរើរបបទណ្ឌកម្មភាគច្រើនរបស់ខ្លួននៅស៊ីរី និងលុបចោលច្បាប់ Caesar Act (ច្បាប់ទណ្ឌកម្ម) ដែលបានដាក់វិធានការទូលំទូលាយលើបុគ្គល ក្រុមហ៊ុន និងស្ថាប័នដែលមានទំនាក់ទំនងជាមួយអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad) ក៏ដោយ។
ទីក្រុងវ៉ាស៊ីនតោននិយាយថា ទណ្ឌកម្មនឹងបន្តកំណត់គោលដៅលោក លោក អាសាដ និងសហការីរបស់លោក ក៏ដូចជាអ្នករំលោភសិទ្ធិមនុស្ស អ្នកជួញដូរគ្រឿងញៀន និង តួអង្គផ្សេងទៀតដែលខ្លួននិយាយថា កំពុងធ្វើឲ្យតំបន់នេះ មានអស្ថិរភាព។
សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួនកំពុងពិនិត្យឡើងវិញនូវការដាក់ប្រទេសស៊ីរីជារដ្ឋឧបត្ថម្ភភេ រវកម្ម ដែលអនុវត្តការរឹតបន្តឹងលើជំនួយបរទេសរបស់សហរដ្ឋអាមេរិក ការនាំចេញការពារជាតិ និងប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួន៕
