មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូព កាលពីថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) បានបដិសេធរបាយការណ៍ ដែលអះអាងថា ប្រធានាធិបតី លោក Masoud Pezeshkian បានលាលែងពីតំណែង។
តាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម X អនុប្រធានផ្នែកទំនាក់ទំនងរបស់ការិយាល័យប្រធានាធិបតី លោក Mehdi Tabatabaei បានច្រានចោលរបាយការណ៍ អំពីការលាលែងពីតំណែងរបស់លោក Pezeshkian ដោយបញ្ជាក់ថា គឺព័ត៌មាន «មិនពិត» និងចាត់ទុកថា ជាការបន្ត «ល្បែងបណ្ដាញសារព័ត៌មាន» របស់ស្ថាប័នបរទេសមួយចំនួន។

លោក Tabatabaei បាននិយាយថា «លោក Pezeshkian នឹងមិនដកខ្លួនពីការបម្រើប្រជាជនអ៊ីរ៉ង់នោះឡើយ» ដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ «នឹងមិនដកថយចេញមាគ៌ាឯកភាព និងសាមគ្គីភាពជាដាច់ខាត»។ លោក បានបន្ថែមថា អ្នកដែលស្វែងរកការបំផ្លាញឯកភាពជាតិរបស់អ៊ីរ៉ង់ នឹង «គ្មានថ្ងៃសម្រេចដូចបំណង» ជាថ្មីម្តងទៀតឡើយ ដោយបដិសេធពាក្យចចាមអារ៉ាម អំពីការបែកបាក់ នៅក្នុងប្រទេស។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រពែក្ស ខណៈពេលដែលបិទច្រកសមុទ្រ Hormuz។ បទឈប់បាញ់មួយ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដ មិនអាចបង្កើតបានកិច្ចព្រមព្រៀងយូរអង្វែងមួយឡើយ៕
