ភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងដល់ការពន្យារពេលការស្វែងរកមនុស្ស ពីរនាក់ ដែលនៅតែបាត់ខ្លួន នៅក្នុងរូងភ្នំលិចទឹកមួយ ក្នុងប្រទេសឡាវ បន្ទាប់ពីមនុស្ស ៥នាក់ ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមដីអស់រយៈពេលជាងមួយសប្តាហ៍។
អ្នកមុជទឹកជនជាតិហ្វាំងឡង់ Mikko Paasi ជាអ្នកជួយសង្គ្រោះអន្តរជាតិដំបូងគេម្នាក់ ដែលបានមកដល់កន្លែងនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យទឹកហូរចូលក្នុងរូងភ្នំពេញ ដែលរារាំងអ្នកមុជទឹកមិនឲ្យចូលបាន រហូតដល់ម៉ាស៊ីនបូមទឹកឲ្យស្រកសិន។

អ្នកមុជទឹកម្នាក់ទៀត គឺលោក Yoshitaka Isaji មកពីប្រទេសជប៉ុន បាននិយាយថា ម៉ាស៊ីនបូមទឹកក៏បានខូចផងដែរ ដែលធ្វើឲ្យស្ថានភាពកាន់តែលំបាកឡើង។
ក្រុមជួយសង្គ្រោះមកពីប្រទេសឡាវ និងប្រទេសថៃជិតខាង បានធ្វើការរួមគ្នា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដើម្បីជួយសង្គ្រោះអ្នកភូមិដែលជាប់នៅទីនោះ រួមជាមួយអ្នកមុជទឹកមកពីប្រទេសនានា រួមមាន ហ្វាំងឡង់ ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូនេស៊ី បារាំង និងអូស្ត្រាលី៕
