បាល់ទាត់៖ ខ្សែអាត់សំឡេងដែលត្រូវបានលួចយកចេញពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF ដោយជនអនាមិកបានបង្ហាញថា ខ្សែការពារ Barcelona, Gerard Pique ជាអ្នកជួយក្នុងការចរចាដែលទទួលបានប្រាក់កម្រៃជើងសារ ២៤លានអឺរ៉ូនាំយកការប្រកួតបាល់ទាត់ពានរង្វាន់អេស្ប៉ាញ Super Cup ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
Gerard Pique ដែលជាម្ចាស់ក្រុមហ៊ុន Kosmos បានទទួលប្រាក់កម្រៃជើងផ្សារ ៤លានអឺរ៉ុបក្នុងមួយព្រឹត្តិការណ៍ពីអ្នករៀបចំនៅអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលកិច្ចព្រមព្រៀងរវាងសហព័ន្ធបាល់ទាត់អេស្ប៉ាញ និងអារ៉ាប៊ីសាអ៊ូឌីតមានរយៈពេល ៦ឆ្នាំ មានន័យថា Gerard Pique ទទួលបានសរុប ២៤លានអឺរ៉ូ។ ឆ្លើយតបនឹងរឿងនេះ Pique និយាយថា ខ្សែអាត់សំឡេងដែលបែកចេញនេះមិនមែនជារឿងខុសច្បាប់ទេ ហើយក៏មិនខ្លាចរអានឹងឱ្យគ្រប់គ្នាដឹងដែរ។ អ្វីដែលរូបគេបានធ្វើគឺជួយដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញប៉ុណ្ណោះ។
សហព័ន្ធបាល់ទាត់អេស្ប៉ាញបានធ្វើការផ្លាស់ប្តូរទម្រង់នៃការប្រកួតពានអេស្ប៉ាញ Super Cup នៅឆ្នាំ២០២០ ដោយផ្លាស់ប្តូរពីការប្រកួតដែលមានតែ ២ក្រុមមកជា ៤ក្រុមវិញ និងផ្លាស់ពីលេងក្នុងស្រុកទៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេដឹងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញទទួលបាន ៤០លានអឺរ៉ូក្នុងមួយព្រឹត្តិការណ៍។ Pique បានបន្ថែមថា មុនពេលដែលរូបមន្តប្រកួតត្រូវបានផ្លាស់ប្តូរ Spanish Super Cup រកចំនូលបានត្រឹម ១២ម៉ឺនអឺរ៉ូប៉ុណ្ណោះ តែពេលនេះរកបានដល់ទៅ ៤០លានអឺរ៉ូ៕
អត្ថបទ៖នាង សុភាវុធ