ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកចង់បន្តការចរចា ស្តីពីការធានាសន្តិភាព ជាមួយរុស្ស៊ី មុនរដូវរងាមកដល់ ដើម្បីគិតគូរពីជំហរយុទ្ធសាស្ត្រប្រសើរឡើងរបស់ទីក្រុងគីវ។

ការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ស្តីពីការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បានជាប់គាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានផ្តោតលើជម្លោះ នៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានលើកឡើងថា ការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី បានថយចុះនៅលើដី ខណៈដែលអ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហារចម្ងាយមធ្យម និងចម្ងាយឆ្ងាយ នៅក្នុងប្រទេសរុស្ស៊ី ដោយផ្តោតជាសំខាន់ទៅលើឧស្សាហកម្មប្រេងរបស់រុស្ស៊ី។
លោក Zelensky បានប្រាប់កម្មវិធី Face The Nation របស់ទូរទស្សន៍ CBS ថា៖ «វាបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ រុស្ស៊ីបានចាប់ផ្តើមបាត់ការមានប្រៀប នៅសមរភូមិ»។ អមដោយការបន្ថែមថា វាអាស្រ័យលើសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ លោក Zelensky បានបញ្ជាក់ថា៖ «ដូច្នេះឥឡូវនេះ យើងមានពេលវេលានេះ មុនរដូវរងា។ មុនរដូវរងា យើងត្រូវរកមធ្យោបាយ ពោលគឺមធ្យោបាយការទូត ដើម្បីអង្គុយចរចាគ្នា។ សម្ពាធនៅក្នុងសង្គមរបស់គាត់ (លោក Putin) កំពុងកើនឡើង ហើយខ្ញុំគិតថា សម្ពាធដោយសារទណ្ឌកម្ម មិនត្រូវលុបចោលនោះទេ តែត្រូវបង្កើនថែមទៀត»។
ជាមួយគ្នានេះ លោក Zelenskyy បានឲ្យដឹងទៀតថា ក៏មានផងដែរនូវលទ្ធភាពនៃការចរចាដែលរៀបចំឡើងដោយមានជំនួយពីអឺរ៉ុប ឬការចរចាទ្វេភាគីជាមួយរុស្ស៊ី ប៉ុន្តែក្នុងពេលជាមួយគ្នា លោកបាននិយាយម្តងទៀត អំពីការអំពាវនាវរបស់លោកឲ្យដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើរុស្ស៊ី៕
