ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានអំពីកង្វះខាតប្រព័ន្ធប្រឆាំងមីស៊ីលកាន់តែខ្លាំងឡើងៗ ដោយបញ្ជាក់ថា ការផ្តោតរបស់សហរដ្ឋអាមេរិក លើជម្លោះអ៊ីរ៉ង់ បានរួមចំណែកដល់ការខ្វះខាតការផ្គត់ផ្គង់នេះ ដែលធ្វើឲ្យអ៊ុយក្រែនកាន់តែងាយរងគ្រោះ ដោយសារការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។
ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា៖ «យើងមិនឃើញមានការផលិតមីស៊ីលគ្រប់គ្រាន់ នៅសហរដ្ឋអាមេរិកទេ។ យើងខ្វះខាតប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក។ នេះជាបញ្ហាធំមួយ»។

លោកបាននិយាយថា កង្វះខាតការផលិតមីស៊ីលរបស់សហរដ្ឋអាមេរិក អាចក្លាយជាវិបត្តិសកល ដែលមិនមែនតែនៅអ៊ុយក្រែនប៉ុណ្ណោះទេ តែតំបន់មជ្ឈិមបូព៌ាផ្ទាល់ផងដែរ។ ជាមួយគ្នានេះ លោកបានបន្ថែមថា លោកបានផ្ញើលិខិតទៅកាន់សេតវិមាន និងសភាសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា ពួកគេនឹងយល់ ហើយនឹងឆ្លើយតប។
ជាងនេះទៀត លោក Zelenskyy ក៏បានសង្កត់ធ្ងន់ផងដែរថា ការបង្វែរការយកចិត្តទុកដាក់ផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនទៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឲ្យមានការផ្អាកការចរចា ទាក់ទងនឹងអ៊ុយក្រែន ខណៈដែលមន្ត្រីអាមេរិក បានផ្តល់អាទិភាពដល់សង្គ្រាមអ៊ីរ៉ង់៕
