រុស្ស៊ី៖ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបាញ់ដោយជោគជ័យនូវការសាកល្បងដំបូងនៃមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មី ជាអាវុធមួយប្រភេទដែលប្រធានាធិបតីលោក Vladimir Putin និយាយថា នឹងធ្វើឱ្យប្រទេសលោកខាងលិចគិតឡើងវិញ មុនពេលមានចេតនាឈ្លានពានណាមួយមកលើរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលបាលីស្ទីកអន្តរទ្វីប Sarmat ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃពុធពីទីតាំងបាញ់បង្ហោះតំបន់ Plesetsk នៅភាគខាងជើងប្រទេសរុស្ស៊ី ហើយក្បាលគ្រាប់ដែលបាញ់បានទៅដល់គោលដៅដោយជោគជ័យនៅឧបទ្វីប Kamchatka ភាគខាងកើត។ ក្រសួងនិយាយថា ការបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងពេញលេញ ដោយបង្ហាញពីលក្ខណៈរបស់មីស៊ីលក្នុងគ្រប់ដំណាក់កាល នៃការហោះហើររបស់វា។
លោក Putin បានថ្លែងទៅកាន់កងទ័ពក្នុងសន្ទរកថាតាមទូរទស្សន៍ថា ខ្ញុំអបអរអ្នក លើការបាញ់សាកល្បងដោយជោគជ័យនៃមីស៊ីលបាលីស្ទីកអន្តរទ្វីប Sarmat។ អាវុធតែមួយពិតប្រាកដនេះ នឹងពង្រឹងការប្រយុទ្ធដ៏មានសក្ដានុពលនៃកងកម្លាំងប្រដាប់អាវុធរបស់យើង មានការធានាដែលអាចទុកចិត្តបានចំពោះសន្តិសុខរបស់រុស្ស៊ី ពីការគំរាមពីខាងក្រៅប្រទេស៕
អត្ថបទ៖ ប៊ុនថន