នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ អាជ្ញាធរបានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀតរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ នៅរោងចក្រមួយដែលដំណើរការដោយក្រុមហ៊ុន Hanwha Aerospace ក្នុងទីក្រុង Daejeon របស់ប្រទេសកូរ៉េខាងត្បូង។
មន្ត្រីពន្លត់អគ្គិភ័យមួយរូបបានប្រាប់សន្និសីទសារព័ត៌មានថា អ្នករស់រានមានជីវិត ២នាក់ ដែលម្នាក់រលាកយ៉ាងធ្ងន់ធ្ងរ បានរត់ចេញពីរោងចក្រនេះ ដោយខ្លួនឯង។ ហើយមន្ត្រីសុខាភិបាលម្នាក់បានប្រាប់សន្និសីទសារព័ត៌មានដដែលនេះថា «អាជ្ញាធរមិនទាន់បានកំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ព្រោះសាកសពរបស់ពួកគេ ត្រូវបានឆេះយ៉ាងធ្ងន់ធ្ងរ»។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ការផ្ទុះមួយបានបង្កឲ្យកើតអគ្គិភ័យនេះ ទោះបីជាមូលហេតុនៃការផ្ទុះនៅតែកំពុងត្រូវបានស៊ើបអង្កេតក៏ដោយ។
Hanwha Aerospace គឺជាក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍។ រោងចក្ររបស់ក្រុមហ៊ុននេះ នៅទីក្រុង Daejeon ផលិតម៉ាស៊ីនជំរុញធំៗ និងដោះស្រាយសារធាតុផ្ដល់កម្លាំងរុញច្រានរ៉ូកែត។
មន្ត្រីម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធរមិនអាចទទួលបានប្លង់រោងចក្រនោះទេ ព្រោះវាត្រូវបានការពារក្រោមច្បាប់សន្តិសុខជាតិ។ រីឯមន្ត្រីម្នាក់របស់ក្រុមហ៊ុន Hanwha Aerospace បានប្រាប់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតហេតុការណ៍នេះ៕

