ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងទ័ពជើងទឹកបារាំងកាលពីថ្ងៃអាទិត្យ បានធ្វើប្រតិបត្តិការដើម្បីឃាត់នាវាដឹកប្រេងដែលត្រូវរងទណ្ឌកម្មអន្តរជាតិ និងកំពុងធ្វើដំណើរចេញពីប្រទេសរុស្ស៊ី។

លោកបាននិយាយថា៖«ប្រតិបត្តិការនេះ បានកើតឡើង នៅក្នុងមហាសមុទ្រអាត្លង់ទិក នៅលើសមុទ្រអន្តរជាតិ ដោយមានការគាំទ្រពីដៃគូជាច្រើន រួមទាំងចក្រភពអង់គ្លេស ដោយគោរពតាមច្បាប់សមុទ្រយ៉ាងតឹងរ៉ឹង»។
លោកបានបន្ថែមថា៖ «ពុំអាចទទួលយកបានទេសម្រាប់នាវាក្នុងការគេចវេះទណ្ឌកម្មអន្តរជាតិ រំលោភច្បាប់សមុទ្រ និងផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមដែលរុស្ស៊ីបានធ្វើប្រឆាំងនឹងអ៊ុយក្រែនអស់រយៈពេលជាង៤ ឆ្នាំ មកហើយ»៕
