ក្រុមមន្រ្តីនិយាយថា មនុស្ស ៥នាក់ បានស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស នាថ្ងៃចន្ទនេះ ក្រោយហេតុការណ៍ផ្ទុះ និងអគ្គិភ័យនៅខ្សែចង្វាក់ផលិតកម្មកូរ៉េខាងត្បូង សម្រាប់សារធាតុជំរុញយានចម្លងនៅរោងចក្រដែលប្រតិបត្តិការដោយក្រុមហ៊ុនអវកាស Hanwha ស្ថិតក្នុងទីក្រុង Daejeon ។
មន្រ្តីពន្លត់អគ្គិភ័យនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ្នករស់រាន ២នាក់ រួមមានទាំងមនុស្សម្នាក់ដែលបានរងការរលាកយ៉ាងធ្ងន់ធ្ងរ បានរត់ចេញពីទីតាំងកើតដោយខ្លួនពួកគេ ។
មន្រ្តីរូបនោះបន្តថា ការផ្ទុះនេះ បង្កឲ្យមានអគ្គិភ័យ ខណៈមូលហេតុនៃការផ្ទុះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
លោក Son Jae-il គឺជាមន្រ្តីប្រតិបត្តិក្រុមហ៊ុន Hanwha និយាយថា លោកសូមបង្ហាញការសោកស្តាយចំពោះអ្នកដែលបានបាត់បង់អាយុជីវិតដ៏មានតម្លៃរបស់ពួកគេនៅក្នុងឧបទ្ទេវហេតុថ្ងៃនេះ នៅរោងចក្រក្នុងទីក្រុង Daejeon ហើយនិងសូមបង្ហាញការសោកស្តាយចំពោះក្រុមគ្រួសាររបស់ពួកគេផងដែរ ។
មន្រ្តីរបស់ក្រុមហ៊ុន Hanwha និយាយថា ហេតុការណ៍ផ្ទុះនេះ ទំនងជាកើតឡើងពេលដែលទឹកត្រូវបានប្រើប្រាស់ ដើម្បីសម្អាតគ្រឿងផ្ទុះចេញពីឧបករណ៍ផលិតសារធាតុជំរុញយានចម្លង ៕

