នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីរ៉ង់បានបន្ទោសការធ្វើឲ្យយឺតដល់ល្បឿននៃកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយលោកបញ្ជាក់ថា គឺដោយសារកង្វះខាតទំនុកចិត្ត ជំហរផ្ទុយពីទីក្រុងវ៉ាស៊ីនតោន និងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់។
អមដោយការបន្ថែមថា ប្រទេសទាំង២ មិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយនៅឡើយទេ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា៖ «ការចរចាបានចាប់ផ្តើមក្នុងចំណោមការសង្ស័យ និងការមិនទុកចិត្តយ៉ាងខ្លាំង ហើយការផ្លាស់ប្តូរសារ កំពុងកើតឡើងនៅក្នុងបរិយាកាសនេះ»។

លោកបានប្រាប់ទៀតថា៖ «ភាគីម្ខាងទៀតកំពុងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនឥតឈប់ឈរ និងដាក់ចេញនូវការទាមទារថ្មី ឬផ្ទុយគ្នា។ វាជារឿងធម្មតាដែលស្ថានភាពនេះនឹងធ្វើឲ្យការចរចាអូសបន្លាយពេល»។
លោក Baghaei បានសង្កត់ធ្ងន់ថា ប្រសិនបើសារផ្ទុយជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចារបស់សហរដ្ឋអាមេរិក ពួកគេនឹងមិនធ្វើការជាមួយអ៊ីរ៉ង់ទេ ហើយខណៈពេលដែលប្រសិនបើពួកគេឆ្លុះបញ្ចាំងពីភាពច្របូកច្របល់នៅក្នុងរង្វង់រដ្ឋបាលសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោនគួរតែឈានដល់ជំហរច្បាស់លាស់ និងដាច់ណាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ លោក Baghaei បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ចាត់ទុកប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងតំបន់ រួមទាំងនៅប្រទេសលីបង់ផងដែរ ថា ជាអ្វីដែលមិនអាចផ្ដាច់ចេញពវិធានការរបស់សហរដ្ឋអាមេរិកបានឡើយ ដោយបន្ថែមថា កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ជម្លោះក្នុងតំបន់ នឹងត្រូវរួមបញ្ចូលការអនុវត្តបទឈប់បាញ់ នៅលីបង់ដូចគ្នាដែរ៕

