នាយករដ្ឋមន្រ្តីហុងគ្រីលោក Peter Magyar និយាយនៅថ្ងៃចន្ទនេះ បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតី Tamas Sulyok ថា បើសិនជាលោក Sulyok មិនព្រមលាលែងចេញពីតំណែងទេនោះ រដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមនីតិវិធីស្របច្បាប់ ដើម្បីដករូបលោកចេញពីអំណាច ។

គណបក្សស្នាំ-កណ្តាលនិយម Tisza របស់លោក Magyar បានផ្តួលលោកនាយករដ្ឋមន្រ្តី Viktor Orban នៅការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមេសា ហើយលោកបានសន្យាថា នឹងដកតំណែងឥស្សរជនជាច្រើនរូបដែលតែងតាំងដោយលោក Orban ក្នុងរយៈពេលជាង ១៦ឆ្នាំកន្លងមកនេះ ។
លោក Magyar បានអំពាវនាវឲ្យលោក Sulyok ដែលត្រូវបានជ្រើសតាំងកាលពីដើមឆ្នាំ ២០២៤ ដោយក្រុមតំណាងរាស្រ្តមកពីគណបក្ស Fidesz របស់លោក Orban ឲ្យលាលែងពីតំណែង ដោយចោទប្រកាន់ថា រូបលោកពុំតំណាងឲ្យការបង្រួបបង្រួមជាតិលើបញ្ហាសំខាន់ៗជាច្រើន ហើយនិងបម្រើអត្ថប្រយោជន៍ឲ្យលោក Orban និងរដ្ឋាភិបាលរបស់លោក ។
លោក Magyar និយាយថា លោកបាននិយាយប្រាប់លោកប្រធានាធិបតីថា បើសិនជារូបលោកនៅតែរក្សាគោលជំហរដដែល និងមិនលាលែងពីតំណែងទេនោះ លោកនឹងជូនដំណឹងដល់ក្រុមតំណាងរាស្រ្តគណបក្ស Tisza ពីសំណើស្របច្បាប់ ហើយពួកយើងនឹងចាប់ផ្តើមនីតិវិធីចាំបាច់បន្ទាន់ ។
លោកថា លោកនឹងប្រើប្រាស់សម្លេងភាគច្រើន ២ ភាគ ៣នៃគណបក្សរបស់លោក ដើម្បីធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ និងច្បាប់ផ្សេងទៀត ដើម្បីបង្ខំឲ្យលោក Sulyok ចាកចេញពីតំណែង ៕
