នៅថ្ងៃចន្ទនេះ ចិន បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់សម្លាប់មនុស្ស ៥៥នាក់ នៅក្នុងភូមិ Kaung Tat ស្ថិតក្នុងស្រុក Namhkam របស់សហភាពមីយ៉ាន់ម៉ា ហើយពលរដ្ឋរបស់ពួកគេ ស្ថិតក្នុងចំណោមអ្នករងរបួស ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ពលរដ្ឋចិនដែលរងរបួស ទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

បុគ្គលិកជួយសង្គ្រោះពីរនាក់បាននិយាយថា ការផ្ទុះគ្រាប់នៅភាគខាងជើងសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នោះបាននិយាយថា វាបណ្តាលមកពីការផ្ទុះគ្រាប់ដោយចៃដន្យ ។
អ្នកឆ្លើយតបដំបូងម្នាក់ នៅក្នុងស្រុក Namhkam ជាកន្លែងដែលការផ្ទុះបានកើតឡើង បាននិយាយថា មនុស្ស ៥៥នាក់ បានស្លាប់ រួមមានទាំងកុមារ ៦នាក់ ហើយមនុស្សជាង ៧០នាក់ផ្សេងទៀតបានរងរបួស ។
ចំណែកឯអ្នកជួយសង្គ្រោះម្នាក់ទៀត បាននិយាយដែរថា អ្នកស្លាប់អាចនឹងមានចំនួនច្រើនជាងនេះ ដល់៥៩នាក់ ហើយសាកសពត្រូវបានទទួលយកដោយបុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីបូជា ។
សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ា ត្រូវបានញាំញីដោយសង្គ្រាមស៊ីវិល ចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយកងកម្លាំងប្រដាប់អាវុធកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល។
កងទ័ពរំដោះជាតិ Ta'ang ដែលជាក្រុមជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយរបស់សហភាពនេះ បាននិយាយថា ការផ្ទុះដោយចៃដន្យនៃគ្រឿងផ្ទុះដែលរក្សាទុកប្រើប្រាស់ដើម្បីបំផ្ទុះយករ៉ែ និងថ្ម បានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ ក្នុងស្រុក Namhkam ៕
