សមាជិកព្រឹទ្ធសភាហ្វីលីពីនលោក Jose Estrada ដែលជាកូនប្រុសរបស់លោកអតីតប្រធានាធិបតី Joseph Estrada បានប្រគល់ខ្លួនជូនក្រុមអាជ្ញាធរនៅថ្ងៃចន្ទនេះ ក្រោយតុលាការបញ្ជាឲ្យចាប់ខ្លួនរូបលោក ជុំវិញការចោទប្រកាន់ថា លោកបានទទួលប្រាក់សំណូកខុសច្បាប់ គឺជាផ្នែកមួយនៃរឿងអាស្រូវហេដ្ឋរចនាសម្ព័ន្ធបង្កឲ្យមានការតវ៉ារបស់សាធារណជនកាលពីឆ្នាំមុន ។

តុលាការប្រឆាំងអំពើពុករលួយ បានបញ្ជាឲ្យចាប់ខ្លួនលោក Estrada សម្រាប់ករណីបំពានមួយដែលមិនអាចធានាឲ្យនៅក្រៅឃុំបាន ក្រោមច្បាប់ហ្វីលីពីន ។
កាលពីសប្តាហ៍មុន ការិយាល័យ Ombudsman បានចោទប្រកាន់លោកថា បានបំពានច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ការទទួលសំណូក ៩,៣លានដុល្លារ ។
លោក Estrada បានច្រានចោលរាល់ទោសកំហុសទាំងអស់ ហើយលោកនិយាយថា ការចោទប្រកាន់នេះ ផ្តើមចេញពីរឿងនយោបាយ ។ លោកថា លោកនឹងការពារខ្លួនឯងដល់ទីបញ្ចប់ ដើម្បីបង្ហាញភាពស្អាតស្អុំរបស់លោក ។
កាលពីសប្តាហ៍មុន លោក Estrada បានដាក់ប្រាក់តម្កល់ សម្រាប់ករណីបំពានដាច់ដោយឡែកមួយផ្សេងទៀត ៕
