ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ បាននិយាយថា ប្លុកនេះ «ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែក» ចំពោះកិច្ចព្រមព្រៀងដែលអាចកើតមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមរយៈ «ប្រតិបត្តិការដែនសមុទ្រ និងការជំរុញសេដ្ឋកិច្ច»។

ខណៈពេលដែលថ្លែងសុន្ទរកថារួមជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar នៅទីក្រុងអ៊ីស្លាម៉ាបាដ លោកស្រី Kallas បានលើកឡើងថា៖ «ខ្ញុំមើលឃើញតួនាទីជាក់ស្តែង ដែល EU អាចជួយធ្វើឲ្យកិច្ចព្រមព្រៀងណាមួយនៅទីបំផុត ស្ថិតស្ថិរយូរអង្វែងបាន មិនថា តាមរយៈប្រតិបត្តិការដែនសមុទ្រ ការជំរុញសេដ្ឋកិច្ចដែលគាំទ្រដល់ស្ថិរភាពរយៈពេលវែង ឬបញ្ហាផ្សេងទៀត»។
លោកស្រីបានបន្ថែមថា៖ «EU ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកដល់ដំណោះស្រាយប្រកបដោយចីរភាព និងសន្តិភាព»។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «យើងផ្ដល់នូវឥទ្ធិពលផ្នែកសេដ្ឋកិច្ច ជំនាញនុយក្លេអ៊ែរដែលរកបានដោយលំបាក ទំនាក់ទំនងយូរអង្វែងជាមួយដៃគូនៅទូទាំងឈូងសមុទ្រពែក្ស និងការចូលរួមដោយផ្ទាល់ជាមួយអ៊ីរ៉ង់»។
លោកស្រី Kallas បានលើកឡើងទៀតថា ការយោគយល់គ្នា «បណ្តោះអាសន្ន» ណាមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែបន្តដោយការពិភាក្សា «ស៊ីជម្រៅ» អំពីស្តុកនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ហាសំខាន់ៗផ្សេងទៀត។
ហើយជាមួយគ្នានេះ លោកស្រី Kallas ដែលមានតួនាទីជាអនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានសាទរចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលជាបន្តបន្ទាប់របស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែល «បានជួយទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមពេញបន្ទុកជាច្រើនលើកច្រើនសារ»៕
