លោកប្រធានាធិបតី Donald Trump នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមែន ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។
សាររបស់លោកបានកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក បានប្រាប់ថា ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹងថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយ ជាការឆ្លើយតប ដែលជាហេតុការណ៍ចុងក្រោយបំផុត ក្នុងចំណោមការវាយប្រហារគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ក្នុងអំឡុងពេលមានការចរចា ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ខែ។
មួយម៉ោងបន្ទាប់ពីចូលពាក់កណ្តាលអធ្រាត្រ លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Socia ថា «អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់សហរដ្ឋអាមេរិក និងអ្នកដែលឈរជាមួយយើង»។ តែយ៉ាងណាក្ដី លោក Trump ក៏បានលើកឡើងផងដែរថា វាធ្វើឲ្យរូបលោកកាន់តែពិបាក ក្នុងការចរចាជាមួយអ៊ីរ៉ង់ ដោយសារមានការអត្ថាធិប្បាយនយោបាយគ្រប់យ៉ាង នៅជុំវិញជម្លោះនេះ។
លោកប្រធានាធិបតីបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «វាធ្វើឲ្យខ្ញុំកាន់តែពិបាកខ្លាំង ក្នុងការធ្វើការងារ និងចរចាឲ្យបានសមស្រប នៅពេលដែលក្រុមនយោបាយផ្ដេសផ្ដាស នៅតែបន្តស្រែករិះគន់ប្រកបដោយភាពអវិជ្ជមាន ពោលគឺក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ម្តងហើយម្តងទៀត ដែលថា ខ្ញុំគួរតែចាត់វិធានការឲ្យបានលឿនជាងមុន ឬចាត់វិធានការយឺតៗ ឬខ្លះឲ្យទៅធ្វើសង្គ្រាម ឬខ្លះមិនឲ្យធ្វើសង្គ្រាម ឬអ្វីក៏ដោយ» ។ លោកសង្កត់ធ្ងន់ថា៖ «សូមឈប់បារម្ភទៅ ហើយសម្រាកចុះ អ្វីៗនឹងដំណើរការទៅដោយរលូន នៅទីបំផុត វាគឺតែងតែដូច្នោះ!»។
គួរបញ្ជាក់ថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ជុំវិញកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ដើម្បីបន្ថែមពេលវេលានៃបទឈប់បាញ់ជាមួយអ៊ីរ៉ង់៕