វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការស្ទាក់ចាប់ដោយបារាំង សម្រាប់នាវាដឹកប្រេងក្រោមទណ្ឌកម្មអន្តរជាតិដែលធ្វើដំណើរពីរុស្ស៊ី នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ អ្នកនាំពាក្យ លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងចាត់ទុកសកម្មភាពបែបនេះថា ខុសច្បាប់ និងស្ទើរតែដូចទៅនឹងទង្វើរបស់ចោរសមុទ្រអន្តរជាតិ»។
លោក Peskov បានបដិសេធការអះអាង ដែលថា ការឃាត់ទុកនាវាដែលធ្វើដំណើរពីរុស្ស៊ី គឺអនុលោមតាមច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា រុស្ស៊ីកំពុងចាត់វិធានការមួយចំនួន ដើម្បីធានាសុវត្ថិភាព សម្រាប់ទំនិញរបស់ខ្លួន ហើយនឹងបន្តចាត់វិធានការទាំងនេះ «ដោយគិតដល់បទពិសោធន៍អវិជ្ជមានដែលខ្លួនធ្លាប់ជួប»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា កងទ័ពជើងទឹករបស់ប្រទេសលោក បានស្ទាក់ចាប់នាវាដឹកប្រេងជាប់ទណ្ឌកម្មដែលធ្វើដំណើរចេញពីរុស្ស៊ី នៅមហាសមុទ្រអាត្លង់ទិក ដោយពណ៌នាអំពីចំណាត់ការនេះថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីអនុវត្តទណ្ឌកម្ម និងគោរពច្បាប់សមុទ្រ៕