អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅថ្ងៃចន្ទនេះថា ចិននឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា នៅតំបន់នោះ ។
លោកបន្តថា រដ្ឋាភិបាលចិន បានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់កុងហ្គោ ហើយនិងបន្តកិច្ចខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហារីករាលដាលឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។
គួរឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយថា ក្រុមអាជ្ញាធរកុងហ្គោ បានកំណត់ករណីឆ្លងសង្ស័យជំងឺអេបូឡាចំនួន ១.០២៨នាក់ ហើយករណីឆ្លងបញ្ជាក់ចំនួន ២២៥នាក់ ។
ក្រុមអាជ្ញាធរសុខភាពនៅប្រទេសកុងហ្គោ និងប្រទេសជិតខាង បានបង្កើនកិច្ចខិតខំទប់ស្កាត់ការរីករាលដាលឆ្លងចុងក្រោយនៃជំងឺអេបូឡា ដែលជាជំងឺពុំទាន់មានវ៉ាក់សាំង និងវិធីព្យាបាល ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺអេបូឡា ។
ថ្លែងពេលទៅដល់ទីក្រុង Kinshasaរបស់កុងហ្គោ លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ៕