ដងផ្លូវនៅជុំវិញតំបន់ភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ មមាញឹកខ្លាំងនៅថ្ងៃចន្ទនេះ ស្របពេលដែលប្រជាពលរដ្ឋជម្លៀខ្លួនចេញតំបន់កាន់កាប់របស់ក្រុមហេសបូឡា បន្ទាប់ពីការបញ្ជាវាយកម្ទេចរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ។
លោក Netanyahu បានបញ្ជាឲ្យវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា ធ្វើឲ្យកើនឡើងបន្ថែមទៀតភាពតានតឹងនៃសង្រ្គាមដែលធ្វើឲ្យស្មុគស្មាញដល់ការសម្របសម្រួលឆ្ពោះទៅរកការដោះស្រាយជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ស្ថិតក្នុងចំណោមកត្តាដែលបណ្តាលឲ្យពន្យាពេលដំណើរការការទូត ដើម្បីបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយរូបលោកបញ្ជាក់ថា បទឈប់បាញ់លីបង់ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀង ។
ក្រុមហេសបូឡា បានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រាប់ទៅលើទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល។
ការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលបានកើតឡើង ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ និងរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចាជុំបន្ទាប់ដោយផ្ទាល់របស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារស្អែកនេះ ៕