វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ក្រុមអាជ្ញាធររុស្ស៊ី កំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ ហើយការប៉ះប៉ូវបញ្ហាមួយនេះ គឺជាអាទិភាពកំពូល ។
អាជ្ញាធរនៅតំបន់គ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី ដែលទីក្រុងមូស្គូ បានប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ បានរឹតត្បិតការលក់ប្រេងឥន្ធនៈ ស្របពេលជួបវិបត្តិការផ្គត់ផ្គង់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារផ្លូវភស្តុភាររបស់ពួកគេ ។
អភិបាលតំបន់គ្រីមៀលោក Sergei Aksyonov និយាយថា ការរឹតត្បិតត្រូវបានដាក់លើការលក់ប្រេង ហើយពលរដ្ឋត្រូវតែប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីទិញប្រេង ។
នៅទីក្រុង Sevastopol ដែលជាទីក្រុងធំបំផុតនៅតំបន់គ្រីមៀ និងជាមូលដ្ឋាននៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី ប្រជាពលរដ្ឋនាំគ្នាតម្រង់ជួររង់ចាំយ៉ាងយូរនៅតាមស្ថានីយប្រេង ។
អ្នកស្រី Oksana Senchenko គឺជាពលរដ្ឋមួយរូបរស់នៅតំបន់គ្រីមៀ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គាត់មិនអាចចាក់ប្រេងរថយន្តអស់រយៈពេល ២ថ្ងៃមកហើយ ។
អ្នកស្រីថា កាលពីថ្ងៃម្សិលមិញ គ្មានសាំងនោះទេ ហើយនៅថ្ងៃនេះ ក៏គ្មានសាំងនោះដែរ មិនថាសាំងធម្មតា ឬសាំង Supperនោះទេ ។
សូមបញ្ជាក់ថា រុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀ ក្រោយប្រធានាធិបតីគាំទ្ររុស្ស៊ីរបស់អ៊ុយក្រែនលោក Viktor Yanukovychត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងបាតុកម្មកាលពីឆ្នាំ ២០១៤ ៕