ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរ ស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៤ ដែលអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ ជាមួយក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៤, ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែល មានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ដើម្បីបន្តជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការ ប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចខាងលើ នៅក្នុងជំហានទី៤ ដែលអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នក ផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែមទៀត។
សារាចរនេះមានវិសាលភាពចំពោះអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាពលទ្ធកម្មថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នចំនួន១៤គឺ៖ ១-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២-ក្រសួង ផែនការ, ៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៤-ក្រសួងធនធានទឹក និងឧតុនិយម, ៥-ក្រសួងព័ត៌មាន, ៦ ក្រសួង យុត្តិធម៌, ៧-ក្រសួងអធិការកិច្ច, ៨-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ៩-ក្រសួងទេសចរណ៍, ១០-ក្រសួងធម្មការ និងសាសនា, ១១-ក្រសួងកិច្ចការនារី, ១២-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ១៣-រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និង១៤-អង្គភាពប្រឆាំងអំពើ ពុករលួយ, ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្តប់លើវិក្កយបត្រ សម្រាប់ការស្នើសុំទូទាត់ចំណាយដែលឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
សូមបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោល- នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា និងបានដាក់ ឱ្យដំណើរការជាផ្លូវការនៅក្នុងខែ មករា ឆ្នាំ២០២៥ ជាមួយនឹងការដាក់ឱ្យអនុវត្តជាកាតព្វកិច្ច ចំពោះក្រសួងចំនួន ១៤ ជាបន្តបន្ទាប់ សរុបបាន៣ជំហាន ក្នុងដំណាក់កាលទី១ លើវិក្កយបត្ររវាងក្រុមហ៊ុនជាមួយស្ថាប័នរដ្ឋ (B2) គិតត្រឹមឆ្នាំ២០២៥ មុននឹងចាប់ផ្តើម ដាក់ឱ្យអនុវត្តក្នុងជំហានទី៤នេះ៕អត្ថបទ៖ សុន រ៉ាឌី


