ភ្នំពេញ ៖ កម្ពុជាអបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក ដោយការវាយតម្លៃទៅលើវិសាលភាពពេញលេញនៃបរិក្ខារ, សេវាកម្មមានគុណភាពរបស់បុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានអបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) ដែលបានវាយតម្លៃដោយ Skytrax World Airport Awards ផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ (full range of airports facilities), សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។
ឯកឧត្តម បន្ថែមទៀតថា ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានដែលបានបើក ដាក់ឱ្យដំណើរការក្នុងអំឡុង ពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានរៀបចំឡើងស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។
ឯកឧត្តម មានប្រសាសន៍ថា៖ «សម្រាប់ព្រះរាជាចក្រកម្ពុជា ចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ពិសេស សបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើប តែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ និងបានដាក់អាកាសយានដ្ឋានកម្ពុជាទន្ទឹមអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗនិងជឿនលឿនមួយចំនួនទៀត នៅទូទាំងពិភពលោក»។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់កំពូលទាំង ៥នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” រួមមាន ចំណាត់ថ្នាក់លេខ១គឺ អគារស្ថានីយអ្នកដំណើរ Aso Kumamoto Airport របស់ប្រទេសជប៉ុន,
ទី២ អគារស្ថានីយអ្នកដំណើរ នៃ Terminal 3, Guangzhou Baiyun International Airport របស់ប្រទេសចិន, ទី៣ អគារស្ថានីយអ្នកដំណើរ នៃTerminal 1, San Diego International Airport, របស់សហរដ្ឋអាមេរិក, ទី៤ អគារស្ថានីយអ្នកដំណើរ Navi Mumbai International Airport, របស់ប្រទេសឥណ្ឌា និងទី៥ អគារស្ថានីយអ្នកដំណើរTecho International Airport របស់ប្រទេសកម្ពុជា៕អត្ថបទ៖ ធូ វិរៈ
