កណ្ដាល ៖ នគរបាលចំនួន២នាក់បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងស្រុកអង្គស្នួល ដោយត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ពេលសម្រុកចូលទៅចាប់ខ្លួនពួកគេ។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ទូរទស្សន៍ BTV news នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល គឺបានបាត់បង់ជីវិតមន្ដ្រីនគរបាលចំនួន២រូប ហើយជនដៃដល់ម្នាក់ត្រូវបានចាប់ខ្លួន និងបក្ខពួកគេម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ជនដៃដល់មិនស្លាប់ទេ គ្រាន់តែរបួសធ្ងន់ ឯបក្ខពួកគេម្នាក់ទៀតដែលចាប់ខ្លួនបានមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ខណៈនេះកម្លាំងជំនាញកំពុងឆែកឆេរនៅតំបន់ប្រតិបត្តិការ។
សូមជម្រាបជូនថា កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ទួលព្រេជ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅផ្ទះទៀមមួយកន្លែង ក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ក្រោយពីបានស្រាវជ្រាវ និងទទួលបានព័ត៌មាន ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួននោះ មានជនដៃដល់ម្នាក់បានបើកការបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យកម្លាំងសមត្ថកិច្ច២រូបបានត្រូវគ្រាប់កាំភ្លើង និងស្លាប់ក្នុងរង្វង់ប្រតិបត្តិការ។ ភ្លាមៗសមត្ថកិច្ចក៏បានព្យាយាមបង្ក្រាបក្រុមជនសង្ស័យដោយប្រើសិទ្ធស្វ័យការពារ ទើបចាប់ខ្លួនបានជនដៃដល់ជាខ្មាន់កាំភ្លើងបានម្នាក់ និងបក្ខពួកគេម្នាក់។
មន្ត្រីនគរបាលដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការនេះមាន លោក ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ទួលព្រិច និងលោក រីម សុផាន់ណា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ដោយឡែកក្រុមជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ដែលសកម្មជួញដូរគ្រឿងញៀន និងម្នាក់ទៀតឈ្មោះ ថេង ធឿន អាយុ១៦ ឆ្នាំ ក្នុងរង្វង់ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





