កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេង្គ ស្របពេលព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក។
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ» ស្ថិតនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
វេទិការនេះ មានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំប្រទេសកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា សរុបជាង២០០នាក់។
នៅក្នុងអង្គវេទិការ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាប្រឈមសម្រាប់កម្ពុជាតែម្នាក់នោះទេ។ វាជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក។ ព័ត៌មានមិនពិតធ្វើដំណើឆ្លងដែន មានភាពចម្រុះ តាមរយៈវិធីផ្សេងៗ និងទៅកាន់សហគមន៍នានា។ដូច្នេះមិនមានប្រទេសណាមួយ ឬក្រសួង អង្គភាពផ្សព្វផ្សាយ ឬវេទិការណាមួយ អាចដោះស្រាយបញ្ហានេះ តែម្នាក់ឯងបានឡើយ។
ក្រៅពីនេះ ឯកឧត្ត នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៍បានស្នើដល់ប្រទេសមេង្គគួរពិចារណាសិក្សាអំពី ការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ។ បណ្តាញនេះ អាចដើរតួនាទីជាវេទិការជាក់ស្តែងសម្រាប់ការចែករំលែកព័ត៌មានជាប្រចាំអំពីនិន្នាការ ព័ត៌មានក្លែងក្លាយ ព័ត៌មានបង្កគ្រោះថ្នាក់ ព័ត៌មានមិនពិតឆ្លងដែន និងអនុវត្តល្អៗ ក្នុងការទំនាក់ទំនងសាធារណៈ។
គួរបញ្ជាក់ដែរថា វេទិកាខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក រវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គពាក់ព័ន្ធនឹងប្រភេទនៃព័ត៌មានក្លែងក្លាយ ដែលបាន និងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថលក្នុងចំណោមប្រជាជន នៃប្រទេសមហាអនុតំបន់មេគង្គ តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយជាពិសេសវិធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមហាអនុតំបន់មេគង្គ។ អត្ថបទ៖ទូច សោភ័ណ













