នាវាជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងដែនទឹកជិតតំបន់ Musandam របស់ប្រទេសអូម៉ង់ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ដោយរង់ចាំការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈការចរចាបញ្ចប់សង្គ្រាមកំពុងអូសបន្លាយពេលជាមួយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។

យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យលើដីគោក និងយានដ្រូនពីរគ្រឿងកាលពីចុងសប្តាហ៍កន្លងទៅនេះដែលកំពុងគំរាមកំហែងដល់នាវា បន្ទាប់ពី «សកម្មភាពបំពានរបស់អ៊ីរ៉ង់» រួមទាំងការបាញ់ទម្លាក់យានដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងនៅលើដែនទឹកអន្តរជាតិ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានកងទ័ពអាកាសមួយកន្លែងដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារទៅលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
