សភា Knesset របស់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បានអនុម័តដំណាក់ដំបូងនៃសេចក្តីព្រាងច្បាប់ ដើម្បីរំលាយសភាខ្លួនឯង ហើបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Channel 12 របស់អ៊ីស្រាអែល បានឲ្យដឹងថា សមាជិករហូតដល់ ១០៦នាក់ ក្នុងចំណោម ១២០រូប បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ដោយមិនមានសំឡេងប្រឆាំងឡើយ។
គេហទំព័រសារព័ត៌មាន Walla នៅអ៊ីស្រាអែល បានរាយការណ៍ថា សេចក្តីព្រាងច្បាប់នេះ រួមបញ្ចូលទាំងពេលវេលាបោះឆ្នោតដែលអាចកើតមាន រវាងថ្ងៃទី៨ ខែកញ្ញា និងថ្ងៃទី២០ ខែតុលា។ គណបក្សជ្រុលនិយម Shas កំពុងជំរុញឲ្យមានការបោះឆ្នោតនៅថ្ងៃទី១៥ ខែកញ្ញា ខណៈដែលគណបក្ស Likud របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ពន្យារពេលកាលបរិច្ឆេទ រហូតដល់ចុងបញ្ចប់នៃអាណត្តិនេះ។

ការបោះឆ្នោតសភា នៅអ៊ីស្រាអែល ដំបូងឡើយត្រូវបានកំណត់ពេលនៅថ្ងៃទី២៧ ខែតុលា ប៉ុន្តែការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់ ដែលលើកលែងជនជាតិជ្វីហ្វជ្រុលនិយមិនឲ្យចូលបម្រើយោធា បានបង្កើនសម្ពាធឲ្យមានការបោះឆ្នោតមុនអាណត្តិ។ ក្រោមច្បាប់អ៊ីស្រាអែល សេចក្តីព្រាងច្បាប់នេះ ត្រូវតែទទួលបានការអនុម័យ ៣ដង ដើម្បីក្លាយជាច្បាប់ជាធរមាន។
គេហទំព័រ Walla បានបន្ថែមថា បន្ទាប់ពីឆ្លងផុតការបោះឆ្នោតលើកដំបូងនេះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការសភា Knesset វិញ ដើម្បីពិនិត្យ និងកែសម្រួល។ បន្ទាប់មក វាត្រូវតែឆ្លងកាត់ការបោះឆ្នោតចុងក្រោយ ២ដងបន្ថែមទៀត មុនពេលវាក្លាយជាច្បាប់ជាធរមាន និងនាំទៅដល់ការកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត៕

