អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ថា វត្តមានកងកម្លាំងរក្សាសន្តិភាព នៅក្នុងប្រទេសលីបង់ នឹងត្រូវការចាំបាច់ បន្ទាប់ពីអាណត្តិនៃបេសកកម្មបច្ចុប្បន្ន ផុតកំណត់នៅចុងឆ្នាំនេះ ជាជម្រើសមួយដែលទំនងជាប្រឈមនឹងការជំទាស់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

កាលពីខែសីហាឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក បានសម្រេចបញ្ចប់អាណត្តិកងកម្លាំងបណ្តោះអាសន្នរបស់ UN នៅក្នុងប្រទេសលីបង់ (UNIFIL) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នេះ។
តែយ៉ាងណាក្ដី ស្ថាប័នបានស្នើឲ្យលោក Guterres លើកឡើងនូវជម្រើសនានាត្រឹមថ្ងៃទី១ ខែមិថុនា ដើម្បីអនុញ្ញាតឲ្យកងកម្លាំងរក្សាសន្តិភាពរបស់ UN បន្តនៅក្នុងប្រទេសលីបង់ ជាពិសេសដើម្បីត្រួតពិនិត្យខ្សែបន្ទាត់ពណ៌ខៀវសន្ធឹងប្រវែង ១២០គីឡូម៉ែត្រ ដោយនេះសម្គាល់ជាព្រំដែនជាក់ស្តែង រវាងលីបង់ និងអ៊ីស្រាអែល ដែលឥឡូវនេះជាចំណុចកណ្តាលនៃសង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា។
នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលសារព័ត៌មាន AFP បានឃើញ កាលពីថ្ងៃចន្ទ លោក Guterres ស្នើជម្រើសចំនួន ៣ រាប់ចាប់ពីមានបុគ្គលិក UN ចំនួនជិត ២.០០០នាក់ ដល់ជាង ៥.០០០នាក់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់។
របាយការណ៍នេះបានបញ្ជាក់ថា «ក្រោមជម្រើសដែលត្រូវបានស្នើឡើងទាំងអស់ វត្តមានរបស់កងកម្លាំងមានឯកសណ្ឋានរបស់ UN ដែលធ្វើការដើម្បីសម្រួលដល់ការបន្ធូរបន្ថយភាពតានតឹង ការសន្ទនា ទំនាក់ទំនង និងការសម្របសម្រួល និងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់ នឹងមានភាពចាំបាច់ ដើម្បីឆ្ពោះទៅរកគោលបំណងសំខាន់នៃការមានដំណោះស្រាយរយៈពេលវែង ចំពោះជម្លោះនេះ»។
គួរបញ្ជាក់ថា ក្តីបារម្ភអំពីការចាកចេញរបស់ UNIFIL នេះ កើតឡើងក្នុងពេលដែលកងទ័ពអ៊ីស្រាអែលលកំពុងកាន់កាប់តំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ហើយខណៈដែលអ៊ីស្រាអែល និងលីបង់ធ្វើការចរចាដោយផ្ទាល់ ដើម្បីស្វែងរកការបញ្ចប់អរិភាពរាប់ទសវត្សរ៍៕


