ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ បានព្យាករនៅថ្ងៃអង្គារនេះពីលទ្ធភាពនៃបាតុភូតអែល នីញ៉ូដ៏ខ្លាំងក្លា ដែលនាំឲ្យសីតុណ្ហភាពសកលហក់ឡើងខ្ពស់ និងបង្កើនហានិភ័យនៃអាកាសធាតុក្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ។
យោងតាមការអះអាងរបស់អង្គការឧតុនិយមពិភពលោក(WMO) បានឲ្យដឹងថា បាតុភូតអែល នីញ៉ូ គឺជាការឡើងកម្តៅមួយរយៈពេលរបស់សីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតាមធម្មតាមានរយៈពេលចន្លោះពី ៩ខែ ដល់ ១២ខែ ។

អង្គការ WMO និយាយថា ទឹកមហាសមុទ្រឡើងក្តៅ បណ្តាលមកពីបាតុភូតអែល នីញ៉ូ នឹងធ្វើឲ្យសីតុណ្ហភាពលើសកម្រិតមធ្យមនៅតាមតំបន់ជាច្រើនរបស់ពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែសីហា ហើយបាតុភូតអែល នីញ៉ូ ទំនងជាបន្តរហូតដល់ខែវិច្ឆិកា ។
លោកស្រី Celeste Saulo គឺជាអគ្គលេខាធិការអង្គការ WMO និយាយថា មហាសមុទ្រក្តៅជាងមុន បន្ថែមកម្តៅ និងសំណើមលើប្រព័ន្ធបរិយាកាស ដែលអាចធ្វើឲ្យបរិយាកាសកាន់តែអាក្រក់ខ្លាំង រួមទាំងរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំង ៕
