មន្ត្រីយោធាជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការចាប់ផ្ដើមអរិភាពឡើងវិញជាមួយសហរដ្ឋអាមេរិក គឺជារឿងចៀសមិនរួចឡើយ ខណៈដែលការចរចា រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ហាក់ដូចជាទៅមុខលែងរួច។
លោក Mohammad Jafar Assadi មេបញ្ជាការរងនៃយោធាកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថា៖ «សហរដ្ឋអាមេរិកទាមទារឲ្យយើងចុះចាញ់ទាំងស្រុង ហើយប្រជាជាតិអ៊ីរ៉ង់ នឹងមិនចុះចាញ់ឡើយ។ ប្រសិនបើគ្មានការចុះចាញ់ទេនោះ ការមានសង្គ្រាម គឺចៀសមិនផុតឡើយ»។

ប្រភពដែលស្និទ្ធនឹងក្រុមចរចាអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន Mehr News នៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់មិនទាន់បានឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងចុងក្រោយ ជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះ រវាងប្រទេសទាំង២ នៅឡើយទេ ហើយការពិភាក្សាលើឯកសារចុងក្រោយនេះ កំពុងបន្តមាននៅទីក្រុងតេអេរ៉ង់។
ប្រភពនេះបានបញ្ជាក់ថា អ៊ីរ៉ង់កំពុងពិនិត្យសំណើនេះ ដោយប្រុងប្រយ័ត្ន ដោយសារតែអ្វីដែលខ្លួនមើលឃើញថា ជាប្រវត្តិនៃការមិនគោរពតាមដោយសហរដ្ឋអាមេរិក និងការមិនទុកចិត្តយូរអង្វែង។ ប្រភពបានបន្ថែមថា «ដោយផ្អែកលើបទពិសោធន៍ពីមុន អ៊ីរ៉ង់កំពុងស្វែងរកអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដ»៕

