យោងតាមសារព័ត៌មានអ៊ីរ៉ាក់ Ports Company Media បានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿង ដែលក្រុមមន្រ្តីអ៊ីរ៉ាក់និយាយថា រងការផ្ទុះ ២លើក នៅតំបន់ឈូងសមុទ្រ រងការវាយប្រហារមួយលើកដោយយានដ្រូន នៅជិតទីក្រុង Umm Qasr កាលពីថ្ងៃចន្ទ ។
ក្រុមមន្រ្តីអ៊ីរ៉ាក់ និយាយកាលពីថ្ងៃចន្ទថា នាវាមួយគ្រឿងនេះ រងការវាយប្រហារនៅចម្ងាយ ៧៤គ.មពីទីក្រុង Umm Qasr របស់អ៊ីរ៉ាក់ ។
ចំណែកឯសេចក្តីថ្លែងការណ៍ពីទូរទស្សន៍ IRINN បានឲ្យដឹងថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ មានគោលដៅលើនាវា Sariska ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ នៅក្នុងប្រតិបត្តិការវាយប្រហារសងសឹក ។
នៅមុននេះ មជ្ឈមណ្ឌល UKMTO និយាយថា នាវាមួយគ្រឿងនេះ រងការវាយប្រហាររបស់កាំជ្រួចផ្លោង បណ្តាលឲ្យមានការផ្ទុះដ៏ខ្លាំងក្លាមួយ ។
ក្រុមមន្រ្តីអ៊ីរ៉ាក់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការផ្ទុះទី ២ បានវាយប្រហារលើនាវាតែមួយ ដែលជាការវាយប្រហាររបស់យានដ្រូន ។ ពួកគេបន្តថា ក្រោយមកអគ្គិភ័យនៅលើនាវា ត្រូវបានទប់ស្កាត់ជាប់ ៕

