អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ឲ្យដឹងថា ការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនាពេលបច្ចុប្បន្ននេះ «គឺល្អប្រសើរច្រើនណាស់ជាងអតីតកាល» ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់អាវុធប្រភេទ «ផ្សេងៗគ្នា» ក្នុងករណីមានសង្គ្រាមឡើងវិញជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Sardar Mohebbi បានប្រាប់ឲ្យដឹងថា៖ «ហេតុផលដ៏ល្អបំផុត សម្រាប់បញ្ហានេះ គឺថា ទោះបីជាមានការប្រើប្រាស់សមត្ថភាពដ៏ច្រើនរបស់ខ្លួន ទាំងផ្លូវគោក ទឹក និងអាកាសក៏ដោយ ក៏សហរដ្ឋអាមេរិក មិនអាចធ្វើឲ្យច្រកសមុទ្រ Hormuz ចេញពីការគ្រប់គ្រងរបស់អ៊ីរ៉ង់បានឡើយ សូម្បីតែត្រឹមរយៈពេល ២-៣នាទីក្ដី»។
លោក Mohebbi បានបន្តថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ «សេណារីយ៉ូដែលអាចកើតមានទាំងអស់» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «មិនអាចសម្រេចបានគោលដៅរបស់ខ្លួន» នៅច្រកសមុទ្រ Hormuz អំឡុងជម្លោះជុំចុងក្រោយនេះ។
គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រពែក្ស រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz៕