ក្រសួងការពារជាតិបានប្រកាសនៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការនាំចេញអាវុធរបស់អ៊ីស្រាអែល បានឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ដោយឈានដល់ចំនួនជាង ១៩ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដែលកម្រិតនេះត្រូវបានជំរុញដោយការលក់មីស៊ីល រ៉ូកែត និងប្រព័ន្ធការពារដែនអាកាស។
អ៊ីស្រាអែល គឺជាប្រទេសនាំចេញអាវុធឈានមុខគេមួយ ក្នុងពិភពលោក។ កងកម្លាំងរបស់ប្រទេសនេះ បានប្រយុទ្ធនៅសមរភូមិជាច្រើន ចាប់តាំងពីមានការវាយប្រហារដោយក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុការណ៍ដែលបានបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងសង្គ្រាមប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡា នៅលីបង់ និងរួមជាមួយសហរដ្ឋអាមេរិក ប្រឆាំងនឹងសត្រូវដ៏ធំរបស់ខ្លួន គឺអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា៖ «កំណត់ត្រានាំចេញការពារជាតិខ្ពស់បំផុតរបស់អ៊ីស្រាអែល ត្រូវបានបំបែក ដែលជាឆ្នាំទី៥ ជាប់ៗគ្នា ដោយមានចំនួន ១៩,២ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលជាការកើនឡើងជិត ៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុននោះ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំ និង ៤ដង ក្នុងរយៈពេល ១ទសវត្សរ៍»។
ក្រសួងបានឲ្យដឹងទៀតថា មីស៊ីល រ៉ូកែត និងប្រព័ន្ធការពារដែនអាកាស គឺជាការនាំចេញឈានមុខគេ ហើយមានចំនួន ២៩ភាគរយនៃកិច្ចព្រមព្រៀងទាំងអស់ ដោយបន្ថែមថា «ការកើនឡើងដ៏ធំធេងនេះ ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធសង្កេតការណ៍ និងអុបត្រូនិក»។
បណ្តាប្រទេសនៅអឺរ៉ុប បានទិញ ៣៦ភាគរយនៃការនាំចេញ ខណៈដែលតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានទិញ ៣២ភាគរយ ហើយមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ១៥ភាគរយ៕