ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយ បានកើតមាននៅភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យមានអ្នករងរបួសយ៉ាងតិច ១៥នាក់ និងជំរុញឲ្យមានការអំពាវនាវជម្លៀសមនុស្សរាប់សែននាក់ ដោយសារតែហានិភ័យទឹកជំនន់ និងបំណាក់ដី។
ព្យុះ Jangmi ដែលបានថមថយកម្លាំងពីព្យុះទីហ្វុង ក៏បានធ្វើឲ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងលែងមានអគ្គិសនីប្រើប្រាស់ ហើយការហោះហើររាប់រយជើងត្រូវលុបចោល។ ប៉ុន្តែព្យុះនេះកំពុងសំដៅទៅភាគឦសានឆ្ពោះទៅកាន់ទីក្រុងតូក្យូ ជាកន្លែងដែលអាជ្ញាធរ បានព្រមានអំពីការរំខានដល់ការដឹកជញ្ជូន និងការបិទសាលារៀន សម្រាប់ថ្ងៃពុធ។
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ព្យុះ Jangmi បាននាំឲ្យមានការព្រមាន អំពីការជម្លៀស សម្រាប់មនុស្សជាង ៨០០.០០០នាក់ នៅក្នុងខេត្ត Miyazaki និង Kagoshima នៅលើកោះ Kyushu ភាគខាងត្បូង។ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែលបានធ្វើដើមឈើកម្ពស់ ១០ម៉ែត្ររលំ នៅលើកោះ Okinawa ត្រូវបានមើលឃើញនៅក្នុងរូបភាពដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
គ្រួសារប្រហែល ១៧.០០០គ្រួសារ នៅលើកោះនេះ និងជាង ៣០.០០០គ្រួសារ នៅភាគនិរតីនៃតំបន់ Kagoshima គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា ព្យុះ Jangmi ក៏បានបង្ករបួសដល់មនុស្ស ១៥នាក់ នៅ Okinawa ផងដែរ៕