គ្លីនិកមួយកន្លែងរងការខូចខាតនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ ហើយមីស៊ីលបានវាយប្រហាររន្ថាន់លើរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ និងទីក្រុងផ្សេងទៀតនៅព្រឹកថ្ងៃអង្គារនេះ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញបុគ្គលិកគ្លីនិកឈរនៅក្រៅអគារ ខណៈកម្មករកំពុងបោសសម្អាតកម្ទេចកម្ទីលើផ្លូវ ។
លោក Olesia Yevlakhovych គឺជាប្រធានគ្លីនិកមួយនេះ និយាយថា លោកគិតថា រុស្ស៊ីមិនចង់បញ្ចប់សង្រ្គាមនោះទែ ។ ពួកគេបន្តប្រព្រឹត្តអំពើភេរវកម្មលើអ៊ុយក្រែន សម្លាប់មនុស្សរបស់ពួកយើង និងបំផ្លិចបំផ្លាញអគាររបស់ពួកយើង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
គួរឲ្យដឹងថា យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី បានវាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែននាថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារយានដ្រូន ៦៥៦គ្រឿង និងមីស៊ីល ៧៣គ្រាប់ កាលពីយប់កន្លងទៅ ដែលភាគច្រើននៃការវាយប្រហារនេះ មានគោលដៅលើទីក្រុងគីវ ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការវាយប្រហារទ្រង់ទ្រាយធំនាពេលយប់របស់ខ្លួនលើអ៊ុយក្រែន គឺជាការឆ្លើយតបចំពោះទង្វើភេរវកម្មលើគោលដៅក្នុងប្រទេសរុស្ស៊ី ៕