អង្គការសុខភាពសកល CEPI នឹងផ្តល់ប្រាក់ប្រហែល ៦០លានដុល្លារដល់ក្រុមហ៊ុន Moderna MRNA.O និងក្រុមហ៊ុន ២ផ្សេងទៀត ដើម្បីពន្លឿនការផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា ដែលកំពុងវាយប្រហារតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
អង្គការ CEPI ស្ថិតក្នុងចំណោមវិនិយោគិនដំបូងគេដែលបានជួយផលិតវ៉ាក់សាំង អំឡុងការរីករាលដាលឆ្លងសកលដល់កម្រិតកំពូលរបស់ជំងឺ COVID-19 ។
លោក Richard Hatchett គឺជាប្រធានអង្គការ CEPI និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា វាមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺអេបូឡា សម្រាប់ការសាកល្បងក្នុងរយៈពេល ២ខែទៀត ។ នៅពុំទាន់មានវ៉ាក់សាំង ឬការព្យាបាល ត្រូវបានអនុម័តនោះទេ សម្រាប់ជំងឺអេបូឡា ។ លោកបន្តថា រាល់ថ្ងៃពួកយើងព្យាយាមទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ ។
លោក Hatchett និយាយទៀតថា វ៉ាក់សាំងនឹងជួយចាប់ផ្តើមជជែកគ្នាពីអ្នកដែលត្រូវទិញ និងផ្តល់មូលនិធិសម្រាប់ការចែកចាយណាមួយ ប៉ុន្តែលោកសូមធ្វើការក្រើនរំឭកថា ការផលិតវ៉ាក់សាំងមិនអាចព្យាករមុនបានទេ ហើយស្ថានភាពសន្តិសុខដ៏លំបាកនៅតំបន់ភាគខាងកើតកុងហ្គោ នឹងធ្វើឲ្យការសាកល្បងកាន់តែស្មុគស្មាញ ។
អង្គការ CEPI បានប្តេជ្ញាផ្តល់ប្រាក់ ៥០លានដុល្លារដល់ក្រុមហ៊ុន Moderna សម្រាប់ការផលិតវ៉ាក់សាំងបង្កជំងឺអេបូឡា និងប្រាក់ ៨,៦លានដុល្លារ សម្រាប់វ៉ាក់សាំងផលិតឡើងដោយសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា ៕