សារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារ ២ មិថុនាសប្ដាហ៍នេះថា អ៊ីរ៉ង់កំពុងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្គ្រាមរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយកំពុងបន្ត។

ជាងបីខែបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ជម្លោះនេះបានក្លាយទៅជាភាពជាប់គាំង ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាកិច្ចព្រមព្រៀងបណ្តោះអាសន្នបានបង្ហាញថាពុំមានលទ្ធផលច្បាស់លាស់ ដែលធ្វើឱ្យច្រកសមុទ្រ Hormuz ភាគច្រើនត្រូវបានបិទ។

សារព័ត៌មាន Mehr បានដកស្រង់ប្រភពមួយដែលនិយាយថា អ៊ីរ៉ង់ពុំទាន់បានឆ្លើយតបទៅនឹងអត្ថបទចុងក្រោយដែលបានស្នើឡើងនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ននៅឡើយទេ ហើយកំពុងប្រើវិធីសាស្រ្ត "តឹងរ៉ឹង" ដោយសារតែអ្វីដែលខ្លួនមើលឃើញថាជាប្រវត្តិសាស្ត្រនៃការមិនអនុលោមតាមរបស់សហរដ្ឋអាមេរិក និងការមិនទុកចិត្តយូរអង្វែង។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ដែលក៏បានដកស្រង់ប្រភពមួយផងដែរ បានបន្ថែមថា សារស្តីពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ឬអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានបញ្ឈប់កាលពីប៉ុន្មានថ្ងៃមុន ដោយសារចុងក្រោយគឺជា "សារច្បាស់លាស់" របស់ទីក្រុងតេអេរ៉ង់លើប្រទេសលីបង់ ជាទីដែលអ៊ីរ៉ង់កំពុងស្វែងរកការបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ក្រុមហេសបូឡា ។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការចរចាកំពុងបន្ត ហើយនឹងមានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញនៅសប្តាហ៍ក្រោយ។អ៊ីរ៉ង់បានព្រមានថាខ្លួននឹងដើរចេញពីកិច្ចព្រមព្រៀងជាមួយអាមេរិកបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើក្រុមហេសបូឡានៅលីបង់៕