ក្បួនរថយន្តរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រូវបានគេឃើញនៅជុំវិញតំបន់ព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ខណៈវត្តមានយោធាអ៊ីស្រាអែលនៅតែស្ថិតក្នុងតំបន់នោះ។

អ៊ីស្រាអែល បានបន្តវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ដោយជំរុញយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហេសបូឡា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្នើសុំនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កុំឲ្យវាយប្រហារទីក្រុងបេរូត ដើម្បីបញ្ចៀសការរីកធំជម្លោះបន្ថែមទៀតនៅក្នុងសង្គ្រាមរយៈពេលបីខែមកនេះ។

បន្ទាប់ពីអន្តរាគមន៍របស់លោក Trump រដ្ឋាភិបាលលីបង់បាននិយាយថា អ៊ីស្រាអែលនឹងបញ្ចៀសការវាយប្រហារដែលបានគំរាមលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដែលគ្រប់គ្រងដោយក្រុមហេសបូឡា ខណៈក្រុមនេះក៏នឹងបញ្ឈប់ការវាយប្រហារប្រឆាំងអ៊ីស្រាអែលផងដែរ។ ប៉ុន្តែការប្រកាសនេះ មិនបានធានាដល់ប្រជាជនលីបង់ ឬបញ្ឈប់សង្គ្រាមនៅភាគខាងត្បូងប្រទេសលីបង់ ដែលលោក Netanyahu បានប្តេជ្ញាថានឹងបន្តនោះទេ។
សូរសន្ធឹកនៃយានដ្រូនរបស់អ៊ីស្រាអែលនៅលើទីក្រុងបេរូត បានធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោ កាលពីថ្ងៃអង្គារ។