ភ្នំពេញ៖ តមតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការ ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។
កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវធ្វើឡើងក្រោមមូលបទ ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ មេសា ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្តជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។
ឯកឧត្តម ស្រុី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ទឹកជាបញ្ហាដែលមិនអាចខ្វះបាននិងមិនអាចកាត់ផ្តាច់ពីបញ្ហាស្បៀងដែលថ្នាក់ដឹកនាំនឹងជជែកពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ដើម្បីការអភិវឌ្ឍដោយចីរភាព។
អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលខាងលើ រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជន នយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិជាច្រើនរូប សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រង ធនធានដ៏ចាំបាច់។
ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុននឹង មានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួល ការជួបសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជន ជប៉ុនមួយចំនួនផងដែរ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្វះស្វែងបង្កើតឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួបផ្ទាល់ និងពិភាក្សាអំពីបញ្ហាទឹក។ដោយ ផ្អែកលើការឯកភាពគ្នានេះ ចាប់តាំងពីឆ្នាំ ២០០៧ មក មានកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន៣លើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០០៧ ក្នុងប្រទេសជប៉ុនក្រោមមូលបទ សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត, លើកទី២ ធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៣ ក្នុងប្រទេសថៃ ក្រោមមូលបទ សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក និងលើកទី៣ ធ្វើឡើងនៅខែមេសា ឆ្នាំ២០១៧ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមមូលបទសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព៕


