សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ធំ, ក្នុងឱកាសនោះសម្ដេចបានណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និងលុបបំបាត់ទង្វើខុសឆ្គងចំពោះពលរដ្ឋ។

ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមាន ក្រុង ១, ស្រុក ៨, ឃុំ ៧៣, សង្កាត់ ៨ និងមានភូមិ ៧៦៥ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន២០៤.៣៩៣គ្រួសារស្មើនឹង៨៨០.៨៩៦នាក់។
មានប្រសាសន៍សំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោតសរសើរចំពោះខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធជនបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ តាមរយៈសម្តេចកត់សម្គាល់ថា ខេត្តកំពង់ធំជាខេត្តដំបូងដែលបានធ្វើរបាយការណ៍ជូនសម្តេចស្តីពីការអនុវត្តគោលនយោបាយគាំពារសង្គមក្នុងខេត្ត។ សម្រាប់ខេត្តកំពង់ធំ សម្តេចតេជោកត់សម្គាល់ឃើញថា អគ្គិសនីគ្រប់គ្រាន់តែនៅក្នុងខេត្តកំពង់ធំ ប្រើប្រាស់បច្ចុប្បន្នរង្វង់៤៤មេហ្គាវ៉ាត់ ដែលកាលពីមុនអគ្គិសនីនៅកម្ពុជាប្រើតែជាង៣០មេហ្គាវ៉ាត់ទេនៅទូទាំងប្រទេស នេះបង្ហាញពីការលូតលាស់ជារួមនៅកម្រិតទូទាំងប្រទេស និងកម្រិតដាច់ដោយឡែកនៃខេត្តនីមួយៗផងដែរ។ នេះជាការទទួលបាន កើតចេញពីការប្រឹងប្រែងទាំងអស់គ្នា។
នាឱកាសនោះ ទាក់ទងការបំពេញការងាររបស់មន្ត្រី សម្តេចបានមានប្រសាសន៍ថា សម្តេចតែងតែរំលឹកទៅដល់មន្ត្រីតាំងពីសម្តេចជានាយករដ្ឋមន្ត្រីគឺ«យើងត្រូវរត់ទៅរកការងារ កុំអោយការងាររត់មករកយើង ត្រូវរត់ទៅរកប្រជាជន កុំអោយប្រជាជនរត់មករកយើង» ។
ចំពោះការងារនៅមូលដ្ឋានត្រូវយកចិត្តទុកដាក់លើការងារបន្ត សម្តេចតេជោបានណែនាំ និងផ្តល់អនុសាសន៍ដល់មន្ត្រីខេត្តនិងនៅតាមមូលដ្ឋាន យកចិត្តទុកដាក់ធ្វើជាបង្អែកដល់គ្រួសារកងទ័ព គ្រួសារយុទ្ធជនពលី គ្រួសារយុទ្ធជនពិការ មិនអាចទុកពួកគាត់ចោលដោយមិនបានដឹង និងដោយមិនបានដោះស្រាយនោះទេ។
សម្តេចតេជោណែនាំឲ្យខិតខំរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គមអោយបានល្អ ប្រយ័ត្នលើការឆបោកអនឡាញដែលអាចពង្រាយខ្លួន។ តាមភូមិឃុំ ត្រូវយកចិត្តទុកដាក់នៅមូលដ្ឋាន បោសសម្អាតអោយអស់ក្រែងមានការបែកសំបុកទៅជាក្រុមតូចៗ ត្រូវបង្ក្រាបគ្រប់កន្លែងទាំងអស់។ នៅតាមមូលដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ ខណៈបញ្ហាសេដ្ឋកិច្ចមិនមែនជាបញ្ហាតូចតាចនោះទេ។ ចូលរួមសន្សំសំចៃ ក៏ជាផ្នែកមួយសំខាន់ និងខិតខំចូលរួមចំណែកប្រមូលថវិកាជាតិ។
សម្តេចតេជោបន្តថា អ្វីដែលខេត្តកំពង់ធំត្រូវយកចិត្តទុក ជារួមខេត្តជុំវិញទន្លេសាប ដែលមានទាំងដីទឹក និងដីគោក មានការទន្ទ្រានកាន់កាប់ព្រៃលិចទឹក មានដីតំបន់៣ សូមបន្តយកចិត្តទុកដាក់បន្ថែមលើចំណុចនេះ និងមានធនធានដទៃទៀតដែលត្រូវជួយគ្រប់គ្រងអោយបានល្អ ការពារធនធានធម្មជាតិដែលមាននៅមូលដ្ឋានអោយបានគង់វង្ស។
លើការងារដីធ្លីនៅមូលដ្ឋាន សម្ដេចតេជោក៏ឱ្យណែនាំត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ និងលុបបំបាត់ទំនាស់ដីធ្លីនៅទូទាំងប្រទេស តាមរយៈយន្តសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងវាស់វែងផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជនអោយបានឆាប់។
សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន។
ចំពោះរោងចក្រសហគ្រាសនានានៅក្នុងខេត្តកំពង់ធំមិនមានច្រើនទេ ប៉ុន្តែសម្តេចតេជោនៅតែណែនាំអោយយកចិត្តទុកដាក់បន្ថែមគ្រប់គ្រងអោយបានល្អចំពោះកម្មករនិយោជិត និងខិតខំដោះស្រាយវិវាទការងារនៅគ្រប់ទីកន្លែងអោយបានឆាប់បំផុត ប្រសិនបើមាន។
លើការងារនៅមូលដ្ឋាន សម្តេចតេជោណែនាំឲ្យខិតខំបម្រើប្រជាជនដោយស្មោះត្រង់ សម្តេចឃើញថាមូលដ្ឋានបានខិតខំធ្វើការបានល្អហើយ ប៉ុន្តែមូលដ្ឋានត្រូវខិតខំបន្តទៀត «អំពើល្អចំពោះប្រជាពលរដ្ឋ ទទួលបានត្រឡប់មកវិញដោយការស្រលាញ់ ប៉ុន្តែអំពើទាំងឡាយណាដែលមិនល្អ ទទួលបានត្រឡប់មកវិញដោយការស្អប់ពីប្រជាពលរដ្ឋ។ អ្វីក៏ដោយកើតចេញពីការខុសឆ្គងរបស់មន្ត្រីត្រូវខិតខំលុបបំបាត់»។
សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាលើកទី១២ នៅខេត្តកំពង់ធំនេះ។ ការចុះជួបសំណេះសំណាលនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា៕







