រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអះអាងជ័យជម្នះក្នុងសមរភូមិសង្គ្រាមដ៏ធំបំផុត នៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ដោយអះអាងថា ទីក្រុងកំពង់ផែ Mariupol ត្រូវដណ្ដើមបានបន្ទាប់ពីការឡោមព័ទ្ធជិត ២ខែ។ លោក Putin អះអាងជ័យជម្នះលើក្រុង Mariupol តែនឹងមិនវាយលុកទៅលើក្រុមលាក់ខ្លួនអ៊ុយក្រែនទេ។

ទោះយ៉ាងណាក៏ដោយ ក្រុមយុទ្ធជនអ៊ុយក្រែន និងជនស៊ីវិលរាប់រយនាក់នៅតែកំពុងលាក់ខ្លួន នៅក្នុងលេណដ្ឋានរាប់សិបកន្លែងក្នុងរោងចក្រដែកថែបដ៏ធំ។ លោក Putin បានបញ្ជាឲ្យទាហានរបស់លោកបិទច្រកបរិវេណនោះ ដូច្នេះពួកគេនឹងមិនអាចគេចខ្លួនបានទេសូម្បីតែរុយមួយក្បាលក៏ដោយ។ អ៊ុយក្រែននិយាយថា លោក Putin ចង់បញ្ចៀសការប៉ះទង្គិចចុងក្រោយជាមួយកងកម្លាំងរបស់ខ្លួនក្នុងទីក្រុងនេះ ដោយសារតែលោកខ្វះកម្លាំងវាយផ្ដួលពួកគេ។

ក្រសួងការបរទេសអាមេរិកនិយាយថា ខ្លួនយល់ថា កងកម្លាំងអ៊ុយក្រែននៅតែបន្តការវាយប្រយុទ្ធដណ្ដើមដែនដីរបស់ពួកគេមកវិញនៅក្នុងទីក្រុង Mariupol។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលពីការប្រកាសជ័យជម្នះរបស់លោក Putin លើទីក្រុង Mariupol។ លោកប្រធានាធិបតីអាមេរិក Joe Biden បានអនុម័តកញ្ចប់ជំនួយយោធាចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន រួមទាំងកាំភ្លើងធំធុនធ្ងន់ ខណៈប្រទេសនេះរងការវាយប្រហារថ្មីពីរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត៕
អត្ថបទ៖ សុខមាន