ក្រុមហាម៉ាសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា ខណៈពេលដែលចោទប្រកាន់លោក Nickolay Mladenov តំណាងជាន់ខ្ពស់សម្រាប់តំបន់ហ្កាហ្សារបស់ «ក្រុមប្រឹក្សាសន្តិភាព»ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា បានរារាំងការងាររបស់គណៈកម្មាធិការបច្ចេកទេសហ្កាហ្សា។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានប្រាប់អ្នកយកព័ត៌មាននៅតំបន់ហ្កាហ្សាថា ក្រុមនេះ «ត្រៀមខ្លួនរួចជាស្រេចយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ក្នុងការប្រគល់គ្រប់វិស័យនៃការគ្រប់គ្រង រួមទាំងសន្តិសុខ ទៅឲ្យគណៈកម្មាធិការជាតិដែលត្រូវបានព្រមព្រៀងគ្នា ហើយបន្តនៅក្នុងទីក្រុងគែរ»។

លោក Qassem បាននិយាយថា ការអះអាងរបស់ភាគីមួយចំនួនដែលបង្ហាញថា ក្រុមហាម៉ាសបដិសេធមិនប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា «គឺជាការភូតកុហក និងជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានគោលបំណងញុះញង់ប្រឆាំងនឹងចលនាហាម៉ាស និងផ្តល់លេសដល់ការកាន់កាប់របស់អ៊ីស្រាអែល ដើម្បីបង្កើនការឈ្លានពានរបស់ខ្លួន នៅក្នុងតំបន់នេះ»។
លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងរារាំងគណៈកម្មាធិការនេះមិនឲ្យចូលតាមរយៈច្រកឆ្លងកាត់ ដោយចោទប្រកាន់ទាំងអ៊ីស្រាអែល និងលោក Mladenov ថា បានបង្កឧបសគ្គដល់ដំណើរការប្រគល់ការគ្រប់គ្រង។
នៅថ្ងៃទី១៣ ខែឧសភា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្ស៊េរុយសាឡឹម បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លោក Mladenov បានអំពាវនាវឲ្យថ្នាក់ដឹកនាំនយោបាយដែលគ្រប់គ្រងតំបន់ហ្កាហ្សា ចុះចេញពីតំណែងជាបន្ទាន់៕