លោក Abbas Goudarzi អ្នកនាំពាក្យនៃគណៈប្រធានសភាអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់កំពុងពិចារណាធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស ដូចដែលបានធ្វើជាមួយវិស័យប្រេងរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន ISNA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«ជាមួយនឹងការធ្វើជាតូបនីយកម្មនូវវិស័យប្រេង ប្រវត្តិសាស្ត្របានបង្ហាញពីសារៈសំខាន់នៃការសម្រេចចិត្ត នៅពេលនោះ។ ថ្ងៃនេះ យើងចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស។ យើងកំពុងនិយាយជាពិសេសអំពីការធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស»។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍នៅថ្ងៃទី ០១ ខែមិថុនាថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីបិទច្រកសមុទ្រហ័រមូសទាំងស្រុង និងបង្កើនប្រតិបត្តិការនៅក្នុងច្រកសមុទ្រ Bab El Mandeb ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យឆ្ពោះទៅរកបទឈប់បាញ់ណាមួយ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន អ៊ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និង អេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹង អ៊ីរ៉ង់៕