ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ចំនួនពីរកាលពីថ្ងៃអង្គារ បានប្រកាសអំពីការផ្តាច់ខ្លួនចេញពីកងកម្លាំងប្រដាប់អាវុធប្រជាប្រិយ (PMF) ដើម្បីដាក់អាវុធរបស់ពួកគេ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ចលនា Asa'ib Ahl al-Haq និង Kata'ib al-Imam Ali បានបញ្ជាក់អំពីការបង្កើតគណៈកម្មាធិការ ដើម្បីតាមដាននីតិវិធីនេះ។
ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៃក្របខណ្ឌសម្របសម្រួលដែលកំពុងកាន់អំណាច ដែលជាប្លុកសភាធំបំផុត និងជាសម្ព័ន្ធភាពឆត្រនៃគណបក្សស៊ីអ៊ីត ដែលបានគាំទ្រគម្រោងនេះ ដើម្បីប្រគល់ អាវុធឲ្យរដ្ឋ និងកាត់ផ្តាច់ទំនាក់ទំនងរបស់កងកម្លាំងប្រដាប់អាវុធប្រជាប្រិយជាមួយក្របខណ្ឌនយោបាយ បក្ខពួក និងសង្គមទាំងអស់។

ការសម្រេចនេះ បានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីបព្វជិតស៊ីអ៊ីត លោក Muqtada al-Sadr បានបញ្ជាឲ្យសាខាប្រដាប់អាវុធរបស់ខ្លួនគឺ Saraya al-Salam ធ្វើសមាហរណកម្មទៅក្នុងរដ្ឋ។ ការសម្រេចធ្វើបែបនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ប្រទេសអ៊ីរ៉ាក់ ខណៈដែលរដ្ឋាភិបាលរបស់ខ្លួន បានជំរុញឲ្យក្រុមប្រដាប់អាវុធរុះរើរចនាសម្ព័ន្ធយោធា ដាក់កម្រិតអាវុធឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ និងអះអាងយ៉ាងពេញលេញនូវនីតិរដ្ឋនៅទូទាំងប្រទេសនេះ៕