នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ជប៉ុនបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាមទាររបស់កោះតៃវ៉ាន់ សម្រាប់ការពិគ្រោះយោបល់ ពាក់ព័ន្ធនឹងការចរចាទ្វេភាគីដែលបានគ្រោងទុករបស់ប្រទេសនេះជាមួយហ្វីលីពីន ស្ដីពីការកំណត់ព្រំដែនសមុទ្រ ខណៈដែលអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់ទីក្រុងតូក្យូថា នឹងមិនមានបញ្ហាអ្វីក្រោមច្បាប់អន្តរជាតិឡើយ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន ស្ដីពីការកំណត់ព្រំដែន នឹងគ្រាន់តែ «កំណត់សិទ្ធិ និងកាតព្វកិច្ចរបស់ជប៉ុន និងហ្វីលីពីន ហើយហេតុដូច្នេះ វានឹងមិនមានចំណងផ្លូវច្បាប់លើភាគីទី៣ ណាមួយឡើយ»។

លោក Kihara បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលត្រូវបានសួរ អំពីការកត់សម្គាល់របស់អ្នកនាំពាក្យរបស់ស្ថាប័នការបរទេសកោះតៃវ៉ាន់ លោក Hsiao Kuang-wei កាលពីថ្ងៃទី២ ខែមិថុនា ដែលបានជំរុញឲ្យទីក្រុងតូក្យូ និងម៉ានីល ពិគ្រោះយោបល់ជាមួយទីក្រុងតៃប៉ិ ដោយលើកឡើងថា តំបន់នេះដែលទំនងត្រូវចរចាកំណត់ព្រំដែនរបស់ភាគីទាំង២ ត្រួតស៊ីគ្នាជាមួយនឹងដែនទឹកដែលកោះតៃវ៉ាន់មាន «សិទ្ធិ និងផលប្រយោជន៍»។
គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំ នៅទីក្រុងតូក្យូកាលពីថ្ងៃទី២៨ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានយល់ព្រមចាប់ផ្តើមការចរចា ដើម្បីកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់បាតសមុទ្រ រវាងប្រទេសទាំង២ «ស្របតាមច្បាប់អន្តរជាតិ»៕

