ប្រភពចំនួន ២ របស់រដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិបូលីវី បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល ១ខែ ដោយនេះគឺជាការចាកចេញរបស់មន្ត្រីកម្រិតខ្ពស់បំផុត ក្រោមការដឹកនាំរបស់ប្រធានាធិបតីកណ្តាលនិយម លោក Rodrigo Paz ដែលខ្លួនលោកផ្ទាល់កំពុងប្រឈមនឹងការអំពាវនាវឲ្យលាលែងពីតំណែង។

ការបោះឆ្នោតជ្រើសរើសលោក Paz ដែលបានចូលកាន់តំណែងក្នុងខែវិច្ឆិកា បានបញ្ចប់ការគ្រប់គ្រងរបស់ក្រុមឆ្វេងនិយមជិត ២ទសវត្សរ៍។ ក្រុមអ្នកតវ៉ា ក្នុងនោះរួមមានទាំងសហជីពកម្មករ និងក្រុមដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales ផងដែរ កំពុងទាមទារឲ្យរដ្ឋាភិបាលរបស់លោក Paz ដកវិធានការរឹតត្បិត និងដោះស្រាយការចំណាយខ្ពស់លើការរស់នៅ។
ប្រភពមួយបានឲ្យដឹងថា លោក Ernesto Justiniano អនុរដ្ឋមន្ត្រីដែលពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ត្រូវបានតែងតាំងឲ្យជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន គឺលោក Marcelo Salinas។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ រដ្ឋមន្ត្រីអប់រំ លោកស្រី Beatriz Garcia ក៏បានលាលែងពីតំណែងផងដែរ កាលល្ងាចថ្ងៃអង្គារ។
កាលពីដើមខែឧសភា លោកប្រធានាធិបតី Paz បានប្រកាសថា លោកនឹងរៀបចំគណៈរដ្ឋមន្ត្រីរបស់លោកឡើងវិញ បន្ទាប់ពីមានការតវ៉ា។ ជម្លោះនេះ បានចាប់ផ្តើមជាមួយនឹងកូដកម្មរបស់កម្មករ នៅក្នុងខែឧសភា ដោយបានរាលរហូតដល់មានការបិទផ្លូវហាយវេ ដែលកាត់ផ្តាច់ការចូលទៅកាន់ទីក្រុងជិតខាង គឺ La Paz និង El Alto ដែលមានប្រជាជនប្រមាណ ២លាននាក់រស់នៅ៕
