លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា គោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការដណ្តើមយកតំបន់ហ្កាហ្សា ៧០ ភាគរយ ពុំមែនជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលព្រាងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការកសាងឡើងវិញនូវដែនដីនេះទេ។

លោក Rubio បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសវនាការមួយថា «យើងមានផែនការមួយ វាពុំបានអំពាវនាវឱ្យធ្វើរឿងនេះទេ»។ លោក Rubio និយាយថា នៅទីបញ្ចប់ យើងយល់ពីអ្វីដែលយើងចង់បាន ហើយខ្ញុំគិតថាអ្វីដែលអ៊ីស្រាអែលចង់បាននៅទីបំផុតគឺតំបន់ហ្កាហ្សាគ្រប់គ្រងដោយអង្គភាពមិនមែនជាក្រុមហាម៉ាស។
លោក Netanyahu បាននិយាយថា លោកបានចេញសេចក្តីណែនាំមួយដើម្បីបង្កើនការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សាពី ៦០ ភាគរយទៅ ៧០ ភាគរយនៃដែនដីនោះ។
