អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា នីតិវិធីត្រួតពិនិត្យថ្មី និងភាពយឺតយ៉ាវជាងមុនរបស់អ៊ីស្រាអែលនៅច្រកឆ្លងកាត់ទំនិញដែលនៅធ្វើប្រតិបត្តិការតែមួយគត់ ចូលទៅក្នុងតំបន់ហ្កាហ្សា បានបង្កឱ្យមានការកកស្ទះ និងការពន្យារពេលយូរ សម្រាប់ក្បួនរថយន្តដឹកជំនួយ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា កាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមបញ្ជូនក្បួនរថយន្តមនុស្សធម៌ឆ្លងកាត់ផ្លូវថ្មីដោយមានច្រកត្រួតពិនិត្យថ្មីមួយកន្លែងដើម្បីបានទៅដល់ច្រកឆ្លងកាត់ទំនិញ Kerem Shalom/Karem Abu Salem ខាងក្នុងតំបន់ហ្កាហ្សា។
អង្គការ OCHA បាននិយាយថា ក្បួនរថយន្តមនុស្សធម៌បានប្រឈមនឹងបញ្ហាប្រតិបត្តិការសំខាន់ៗនៅច្រកត្រួតពិនិត្យថ្មី រួមមានការពន្យារពេល ការកកស្ទះ ដំណើរការខុសប្រក្រតី និងការត្រួតពិនិត្យយឺត។

