ប្រទេសជប៉ុន នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ បានសម្តែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិថ្មើរជើងរបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់។
សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា៖ «ប្រទេសជប៉ុនមានក្ដីបារម្ភជាពន់ពេក ដែលថា ការវាយប្រហារ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ក្នុងចំណោមជនស៊ីវិល និងបុគ្គលិកពេទ្យ ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងក៏សម្តែងក្ដីបារម្ភយ៉ាងខ្លាំងផងដែរថា ទោះបីជាមានការអំពាវនាវពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការអត់ធ្មត់ក៏ដោយ ប្រតិបត្តិការផ្លូវគោករបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់ នៅតែបន្តមានដដែល ហើយជាថ្មីម្ដងទៀត យើងអំពាវនាវឲ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់»។
ជាមួយគ្នានេះ ប្រទេសជប៉ុនបានអំពាវនាវឲ្យ «គ្រប់ភាគីទាំងអស់» បញ្ឈប់អរិភាពជាបន្ទាន់ គោរពតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីអនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ពោលគឺអនុវត្តការអត់ធ្មត់ «ឲ្យបានខ្ពស់បំផុត»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបន្តវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃ និងវាយលុកផ្លូវគោក នៅលីបង់ បើទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី១៧ ខែមេសា ហើយក្រោយមកត្រូវបានពង្រីករហូតដល់ដើមខែកក្កដាក៏ដោយ៕



