ប្រព័ន្ធផ្សព្វផ្សាយ TVP World បានរាយការណ៍នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា សមយុទ្ធកងទ័ពជើងទឹកដឹកនាំដោយអង្គការណាតូ (NATO) និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ នៅសមុទ្របាល់ទិក ដោយកងកម្លាំងត្រូវបានកាត់បន្ថយចំនួន បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ឧត្តមនាវីទោអាល្លឺម៉ង់ លោក Stephan Haisch បាននិយាយថា «ក្នុងអំឡុងពេលនេះ វាគឺជាសញ្ញានៃកម្លាំងរបស់សម្ព័ន្ធមិត្ត ដែលសមយុទ្ធដ៏សំខាន់មួយ កំពុងត្រូវបានធ្វើឡើង ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ជាមួយនឹងការចូលរួមយ៉ាងទូលំទូលាយរបស់អង្គការណាតូ»។
សមយុទ្ធឈ្មោះ BALTOPS ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា នឹងមាននាវាប្រហែល ២០គ្រឿង មកពី ១៥ប្រទេស និងបុគ្គលិកប្រហែល ៦.០០០នាក់ ដែលប្រហែលពាក់កណ្តាលនៃទំហំសមយុទ្ធកាលពីឆ្នាំមុន។

យោងតាមមន្ត្រី បានឲ្យដឹងថា សមយុទ្ធដែលបានកាត់បន្ថយចំនួននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមានប្រតិបត្តិការដែលកំពុងមាន នៅកន្លែងផ្សេងទៀត ក្នុងនោះរួមទាំងការដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ា និងអាកទិកផងដែរ។ តែយ៉ាងណាក្ដី សមយុទ្ធនេះត្រូវបានគេរំពឹងថា នឹងក្លាយជាសមយុទ្ធកងទ័ពជើងទឹកដ៏ធំបំផុត នៅសមុទ្របាល់ទិក នាឆ្នាំនេះ។
សមយុទ្ធនេះនឹងចាប់ផ្តើមនៅភាគខាងលិចនៃសមុទ្របាល់ទិក មុនពេលផ្លាស់ប្តូរទៅទិសខាងកើត ឆ្ពោះទៅតំបន់ជុំវិញកោះ Gotland របស់ប្រទេសស៊ុយអែត។ លោក Haisch បាននិយាយថា ការការពារខ្សែបន្ទាត់ទំនាក់ទំនងតាមសមុទ្រ នៅតែជាបេសកកម្មសំខាន់មួយ ទាំងសម្រាប់ភស្តុភារយោធា និងការដឹកជញ្ជូនពាណិជ្ជកម្ម៕

