នាថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបង្ហាញគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដាណឺម៉ាក មានស្ត្រីច្រើនជាងបុរស។
បន្ទាប់ពីមាននូវការចរចាអស់រយៈពេលជាច្រើនខែ ក្រោយការបោះឆ្នោតមិនមានសំឡេងភាគច្រើនដាច់ខាត ក្នុងខែមីនា លោកស្រី Frederiksen ដែលកំពុងកាន់តំណែង បានប្រកាសកាលពីថ្ងៃទី១ ខែមិថុនាថា លោកស្រីបានបង្កើតរដ្ឋាភិបាលសំឡេងភាគតិចដែលមាន ៤គណបក្ស គឺគណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) របស់លោកស្រី គណបក្សប្រជាជនសង្គមនិយម (Socialist People’s Party) គណបក្សកណ្ដាល-ឆ្វេងនិយម Radikale Venstre និងគណបក្សកណ្តាលនិយម Moderates។
ហើយនៅថ្ងៃទី៣ ខែមិថុនានេះ លោកស្រី Frederiksen បានប្រកាសឈ្មោះរដ្ឋមន្ត្រីថ្មី។ លោកស្រី Frederiksen បានប្រកាសនៅខាងក្រៅសភាដាណឺម៉ាកថា៖ «នេះគឺជារដ្ឋាភិបាលដែលមានរដ្ឋមន្ត្រីចំនួន ២១រូប ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដាណឺម៉ាក ឥឡូវនេះមានរដ្ឋមន្ត្រីជាស្ត្រីច្រើនជាងរដ្ឋមន្ត្រីជាបុរស»។
រដ្ឋមន្ត្រីចំនួន ១១រូប ក្នុងចំណោមរដ្ឋមន្ត្រី ២១រូប គឺជាស្ត្រី ហើយគណៈរដ្ឋមន្ត្រីថ្មីនេះ ក៏រួមបញ្ចូលឈ្មោះដែលធ្លាប់ស្គាល់មានក្នុងរដ្ឋាភិបាលមុនរបស់លោកស្រី Frederiksen ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតខែមីនា គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី Frederiksen ទទួលបានសន្លឹកឆ្នោតតិចបំផុត ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ១៩០៣ ប៉ុន្តែនៅតែជាគណបក្សធំបំផុតរហូតមកដល់ពេលនេះ ដោយមាន ៣៨អាសនៈ។ តែយ៉ាងណាក្ដី ដោយសារគណបក្សទាំង ៤ ក្នុងរដ្ឋាភិបាលចម្រុះថ្មីនេះ មានត្រឹមតែ ៨២អាសនៈ ក្នុងចំណោម ១៧៩អាសនៈ នៅសភា រដ្ឋាភិបាលនេះនឹងត្រូវពឹងលើការគាំទ្រពីគណបក្សដទៃទៀត ដើម្បីអនុម័តច្បាប់៕